អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយអង្គការសហប្រជាជាតិ លោក Jeffrey Feltman នៅថ្ងៃ២៩ វិច្ឆិកា បានថ្លែងនៅក្នុងជំនួបបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែធ្វើគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ការរីករាលដាលនៃការបង្កហេតុរបស់កូរ៉េខាងជើង ។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ ។
តាមប្រភពព័ត៌មានដដែលនោះ អគ្គលេខាធិការរង ក៏បានបញ្ជាក់នៅចំពោះមុខប្រទេសមហាអំណាច ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខថា៖«ការរួមដៃគ្នារបស់ក្រុមប្រឹក្សាសន្តិសុខនៅពេល គឺជារឿងដ៏សំខាន់និងចាំបាច់បំផុតដើម្បីតទល់នឹងសកម្មភាពកូរ៉េខាងជើង»។
បន្ថែមពីនេះ លោកអគ្គលេខាធិការរង ក៏បានសុំឲ្យក្រុមប្រឹក្សាសន្តិសុខ ដែលរួមមានមហាអំណាចពិភពលោក អាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង ជាសមាជិកអចិន្ត្រៃយ៍នោះ បង្កើតឱកាសដើម្បីផ្សាភ្ជាប់ចំណងទូតជាមួយនឹងកូរ៉េខាងជើងដើម្បីឈានទៅដល់ការចរចាមួយបញ្ឈប់នូវស្ថានភាពដ៏គ្រោះថ្នាក់នេះ ។
ប្រមុខនយោបាយកំពូលរូបនេះ បានពណ៌នាការបង្កហេតុរបស់កូរ៉េខាងជើងយ៉ាងដូច្នេះ៖«នៅលើពិភពលោកនោះ គ្មានអ្វីដែលគ្រោះថ្នាក់ជាងអ្វីដែលកំពុងតែកើតឡើងនៅក្នុងឧបទ្វីបកូរ៉េក្នុងពេលនេះនោះទេ»។
ប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអនុម័តសម្រេចដែលជាទណ្ឌកម្មធ្ងន់ប្រឆាំងនឹងកូរ៉េខាងជើងដើម្បីធានាយ៉ាងណាកុំឲ្យប្រទេសមួយនេះ គ្មានលំហូរហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ៕
No comments:
Post a Comment