Friday, December 1, 2017

សង្ឃហោ សុខុន សុំបិណ្ឌបាតសម្ដេចហ៊ុន សែន ឲ្យបញ្ជាកូនចៅ ជួយកម្ចាត់ លោកខឹម វាសនា


សង្ឃទីប្រឹក្សា ហោ សុខុន បាន​សុំបិណ្ឌបាត​សម្ដេច​អគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន ឲ្យជួយចាត់​ការករណី​ ដែល​ព្រះអង្គ​បាន​ប្ដឹង​លោក ខឹម វាសនា ​ទៅក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
បន្ទាប់ពីចំណាយពេល​​ប្រមូល​ស្នាម​មេដៃ​​អស់រយៈ​ពេល​បួនខែ​ទៅហើយ នៅតែ​មិនបាន​ចំនួន​ច្រើន​ទៀត​នោះ សង្ឃ ហោ សុខុន ចៅអធិការវត្ត​ច្បារអំពៅ បាន​សម្រេចចិត្ត សរសេរសារសុំឲ្យ​សម្ដេចនាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍ ដោយ​សរសេរ​បង្ហោះ​តាមរយៈ​បណ្ដាញសង្គម​Facebook​ជាសារធារណៈ និងបាន​ប្រៀប​ប្រដូច​សម្ដេចទៅ​នឹង​ព្រះឥន្ទ​ ដែលជា​ស្ដេច​នៃទេវតា​ទាំងឡាយ អាច​បញ្ជាឲ្យ​ពពួកទេវតា​ធ្វើអ្វីៗ​បានតាម​តែចិត្ត ។


យ៉ាង​ណា​មិញ​សង្ឃ​ហោ សុខុន បានមាន​ដីកា​​លើគេហទំព័រFacebook​របស់ខ្លួន ដែលមាន​ឈ្មោះ​ជាភាសាអង់​គ្លេសថា Hor Sokhonនោះ គឺសុំបិណ្ឌ​បាត ឲ្យសម្ដេចនាយក​រដ្ឋមន្ត្រី ជួយ​បញ្ជាកូន​ចៅឲ្យ​លូកដៃ​ក្នុងករណី​ដែលព្រះអង្គបានប្ដឹងទៅលោក ខឹម វាសនា ដែលបាន​យកបណ្ដឹង​ទៅដាក់​នៅក្រសួងមហាផ្ទៃរួច​ហើយ។
ការសរសេរសារ​សុំអន្តរាគមន៍​ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​បែបនេះ ធ្វើឡើងនៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយ​ពីចៅអធិការវត្តច្បារអំពៅអង្គនេះ ទទួល​បាននូវ​លទ្ធផល​ខកចិត្តយ៉ាង​ខ្លាំង ព្រោះ​ខុស​ពីការរំពឹង​ទុកឆ្ងាយ​ពេក ដោយរំពឹងទុកថា នឹង​មានព្រះសង្ឃ​ចូលរួមគាំទ្រ ផ្ដិត​មេដៃ​ ប្រាំមួយ​ម៉ឺន​អង្គ និងពុទ្ធបរិស័ទ​ចូលរួមផ្ដិត​ស្នាមមេដៃ​គាំទ្រ​ឲ្យចាត់​ការលោក ខឹម វាសនា ជាង​ដប់លាន​នាក់ តែសង្ឃអង្គនេះ ខំពន្យា​ពេល​ដល់​ទៅបួនខែ​ទៅ​ហើយ​ នៅ​តែបានជាងប្រាំមួយរយ​អង្គនាក់ប៉ុណ្ណោះ​ នេះបើ​គិតសរុប​ទាំងស្នាម​មេដៃ​ដែល​ប្រមូល​ មក​ពីខេត្តស្វាយរៀង​ថែមទៀត​ផង។


ថ្វីបីក្រសួង​ធម្មកានិងសាសនា អះអាង​យ៉ាងណា​ក៏ដោយ​ថា បណ្ដឹង​រវាងសង្ឃ​ហោ សុខុន និង​លោក ខឹម វាសនា នេះ​ជា​បណ្ដឹង ឬជា​ជម្លោះរ​វាងបុគ្គល និងបុគ្គល​ក៏ដោយ ក៏ចៅ​អធិកា​ចិត្ត​ក្ដៅអ​ង្គនេះ ព្យាយាមទាញ​​យកមក​ពាក់ព័ន្ធ​រឿងការពារ​តម្លៃព្រះពុទ្ធសាសនា​ ហើយថែមទាំង​អះអាង​យ៉ាង​ឱឡារិកថា ការ​ប្ដឹងនេះ​គឺជាតំណាង​ឲ្យ​ព្រះសង្ឃនិង​ពលរដ្ឋខ្មែរ​ទូទាំងប្រទេស។
​ករណីសុំ​ឲ្យ​លោកនាយករដ្ឋមន្រ្តីជួយ​បញ្ជាកូន​ចៅក្រោម​ឱវាទ ឲ្យជួយចាត់ការ​ចំពោះករណី​ ដែល​​ប្ដឹងលោក ខឹម វាសនានេះ គឺដើម្បី​សង​មកវិញ​ជាការ​ផ្សះផ្សារ និងព្យាបាល​ផ្លូវចិត្ត​របស់ខ្លួន ក៏ដូចជា​ព្រះសង្ឃទូទាំងប្រទេស។ សង្ឃ​ហោ សុខុន អង្គនេះ​បាន​សន្យាថា​បើ​សម្ដេចព្រម​ជួយ នោះខ្លួននិង​ព្រះសង្ឃទូទាំង​ប្រទេស​គោរព​ដឹងគុណសម្ដេច​ហើយ​ចងចាំ​ទុកក្នុង​ចិត្តជារៀងរហូត។
បន្ថែមលើស​ពីនេះ ម្ចាស់បណ្តឹង​សង្ឃហោ សុខុនបានលើកសរសើរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាចផ្តល់បុណ្យ​ផ្តល់សំណាង អាច​ផ្តល់យុត្តិធម៌ ដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ​ខ្មែរ សម្តេចតេជោ ជាក្តីសង្ឃឹមធំបំផុត៕






ប្រភព៖  Khmer Share- http://www.khmershare.news/uncategorized/article/1903/

No comments:

Post a Comment